ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា មណ្ឌលគិរី មានធនធាន និង តំបន់ទាក់ទាញទេសចរណ៍ ចំនួន៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយ ដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ ជាដើម។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដមណ្ឌលគីរី» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ សំអ៊ាង បានឲ្យដឹងថា វិស័យទេសចរណ៍ គឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្ត ព្រោះខេត្តមណ្ឌលគិរី គឺជាខេត្ត ដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍។
លោកមានប្រសាសន៍ថា «នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ អាចទៅដល់មានចំនួន ៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់»។
លោករៀបរាប់ថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់, ផ្ទះសំណាក់ ៥១កន្លែង ស្មើនឹង ៧៣៥បន្ទប់, ម៉ូតែល ០២កន្លែង ស្មើនឹង ៦៧បន្ទប់ , បឹងកាឡូ ០១កន្លែង ស្មើនឹង ០៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង ស្មើនឹង ៣២០តុ និង ១.៧០១កៅអី និងខារ៉ាអូខេ ១៣កន្លែង ស្នើនឹង ៥៧បន្ទប់ ម៉ាស្សា ០៤កន្លែង ស្មើនឹង ០៧បន្ទប់ និងមគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។
លោកបន្ថែមថា ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឥសាន្ត មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានក្រុង១ មាន៤សង្កាត់ និងស្រុក៤ មាន១៧ឃុំ និង៩២ភូមិ។ ខេត្តមានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រក្រឡា ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាប សំបូរដោយជ្រលងដងអូរជាច្រើន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ